ស៊ុតរបស់អ្នក ក្រោយពេលរួមជាមួយស្ប៉ែម នឹងក្លាយជាអំប្រ៊ីយ៉ុង ហើយបន្តអភិវឌ្ឍទៅជាទារក។ ក្នុងដំណើរការនេះ សរីរាង្គ និងប្រព័ន្ធផ្សេងៗរបស់ទារកត្រូវបានបង្កើតឡើង ដោយផ្អែកលើព័ត៌មានហ្សែនពីឪពុក និងម្តាយ។
ក្នុងអំឡុងពេលកំពុងលូតលាស់ ទារកត្រូវបានការពារដោយ ទឹកភ្លោះ ដែលជួយទប់ស្កាត់ការប៉ះទង្គិច និងរក្សាសីតុណ្ហភាពឲ្យស្ថិរភាព ទារកមិនអាចដកដង្ហើម ឬបរិភោគដោយខ្លួនឯងបានទេ រាល់អ្វីដែលទារកត្រូវការ ដូចជា អុកស៊ីសែន សារធាតុចិញ្ចឹម និងការបញ្ចេញកាកសំណល់ ត្រូវបានធ្វើឡើងតាមរយៈ សុក។ សុកមានតួនាទីសំខាន់ក្នុងការទទួលអុកស៊ីសែន និងអាហារពីរាងកាយម្តាយ បន្ទាប់មកផ្គត់ផ្គង់ទៅឲ្យទារក ហើយកាកសំណល់ពីទារកក៏ត្រូវបានបញ្ជូនត្រឡប់ទៅកាន់រាងកាយរបស់ម្តាយវិញដែរ។
សម្រាប់ម្តាយ អំឡុងពេលដំបូងនៃការមានផ្ទៃពោះ អាចមានការលំបាកជាញឹកញាប់ ដូចជា៖ មានអារម្មណ៍ចង់ក្អួត (Morning Sickness) មានការប្រែប្រួលអារម្មណ៍ ឆាប់ខឹង អស់កម្លាំង និងងងុយគេង។ ទោះបីជាយ៉ាងណា ការផ្លាស់ប្តូរទាំងនេះគឺជាភាពធម្មតា ហើយភាគច្រើននឹងថយចុះបន្តិចម្តងៗ នៅពេលចូលខែបន្ទាប់។ ដូច្នេះ សូមអត់ធ្មត់ ថែទាំខ្លួនឯងឲ្យបានល្អ និងអនុវត្តតាមដំបូន្មានរបស់គ្រូពេទ្យ។
ខែទី ១
ទម្ងន់ និងកម្ពស់នៅសប្ដាហ៍ទី ៤
នៅចុងសប្ដាហ៍ទី 4 ស៊ុតបានបង្កើតជាអំប្រ៊ីយ៉ុងតូចៗ ដែលមានទំហំប្រហែល 0.5 សង់ទីម៉ែត្រ និងទម្ងន់ប្រហែល 0.02 ក្រាម។ កោសិកាកំពុងចាប់ផ្ដើមបែងចែក និងបង្កើតជាសរីរាង្គផ្សេងៗ ទោះបីជាទារកមានរូបរាងតូច ប៉ុន្តែទារកកំពុងវិវត្តន៏យ៉ាងលឿន។
ខែទី ២
ទម្ងន់ និងកម្ពស់នៅសប្ដាហ៍ទី ៨
នៅចុងសប្ដាហ៍ទី 8 ទារកមានទំហំប្រហែល 3 សង់ទីម៉ែត្រ និងទម្ងន់ប្រហែល 3 ក្រាម។ សរីរាង្គសំខាន់ៗ ដូចជា បេះដូង និងខួរក្បាល កំពុងតែវិវត្តន៏ និងចាប់ផ្ដើមដំណើរការ។ ច្រមុះ ត្រចៀក និងភ្នែក ក៏កំពុងលេចចេញរូបរាងច្បាស់ៗផងដែរ។
ខែទី ៣
ទម្ងន់ និងកម្ពស់នៅសប្ដាហ៍ទី ១២
លក្ខណៈផ្ទៃមុខរបស់ទារកប្រែជាច្បាស់ជាងមុន សរីរាង្គ (តម្រងនោម ថ្លើម ពោះវៀន) ត្រូវបានបង្កើតឡើង ឆ្អឹងខ្នងចាប់ផ្តើមរឹង ឥឡូវនេះអ្នកអាចដឹងបានហើយថាទារកជាក្មេងប្រុស ឬក្មេងស្រី។ ទារកចាប់ផ្តើមផ្លាស់ទី ប៉ុន្តែម្តាយនៅមិនទាន់មានអារម្មណ៍ដឺងទេ។