អាហារូបត្ថម្ភសម្រាប់ទារកអាយុ ០ ដល់ ៦ ខែ
ត្រូវបានណែនាំទូទាំងពិភពលោក
ធម្មជាតិបានរៀបចំមកបានយ៉ាងល្អ៖ ទឹកដោះម្តាយគឺជាអាហារដ៏ល្អឥតខ្ចោះសម្រាប់តម្រូវការរបស់ទារក។ នៅពេលអ្នកបំបៅដោះកូន អ្នកប្រាកដថាបានផ្ដល់អ្វីដែលល្អបំផុតសម្រាប់កូនរបស់អ្នកជារៀងរាល់ខែ។

ការបំបៅដោះម្តាយ
អត្ថប្រយោជន៍៖
- សមាសធាតុនៃទឹកដោះម្តាយនឹងផ្លាស់ប្តូរទៅតាមអាយុទារក ដើម្បីផ្គត់ផ្គង់សារធាតុចិញ្ចឹមគ្រប់ប្រភេទដែលទារកត្រូវការ។
- ទឹកដោះម្តាយគឺជាអាហារដែលងាយស្រួលរំលាយបំផុតសម្រាប់ពោះវៀននិងប្រព័ន្ធរំលាយរបស់ទារកដែលមិនទាន់លូតលាស់ពេញលេញ។
- ទឹកដោះរបស់អ្នកមានប្រូតេអ៊ីន antibodies ដែលជួយកំណត់និងពង្រឹងប្រព័ន្ធការពាររាងកាយរបស់ទារកឱ្យមានសុខភាពរឹងមាំ។
ទំនាក់ទំនងពិសេសបំផុត
- ការបំបៅដោះកូនគឺជាឱកាសល្អក្នុងការប៉ះពាល់ស្បែកទៅនឹងស្បែក៖ ដោយសារទារកអាចស្គាល់អ្នកតាមរយៈការប៉ះពាល់ និងក្លិន ការនៅក្បែរអ្នកនឹងធ្វើឱ្យវាមានអារម្មណ៍ថាមានសុវត្ថិភាព និងស្រណុកចិត្ត។ ទំនាក់ទំនងនេះនឹងជួយកសាងការទុកចិត្តររវាងកូននិងអ្នក។
- ការព្យាយាមបំបៅដោះលើកដំបូងគឺមានសារៈសំខាន់ណាស់៖ ក្នុងរយៈពេលប៉ុន្មានម៉ោងដំបូងបន្ទាប់ពីកើត សភាវគតិនៃការបឺតរបស់ទារកគឺខ្លាំងបំផុត សូមជឿថាទារករបស់អ្នកដឹងពីរបៀបបៅដោះហើយ។ អ្នកគួរតែចាប់ផ្តើមបំបៅភ្លាមៗក្រោយពេលសម្រាលដើម្បីជំរុញលំហូរទឹកដោះ ប្រសិនបើវាពិបាកនាពេលដំបូង សូមកុំអស់សង្ឃឹម អ្នកអាចព្យាយាមម្ដងទៀតនៅពេលដែលអ្នកនៅស្ងាត់ស្ងៀមក្នុងបន្ទប់របស់អ្នក ។
- ស្វែងរកទីតាំងបំបៅដែលមានផាសុខភាព៖ នៅពេលចាប់ផ្តើមបំបៅ អ្នកអាចមានអារម្មណ៍ឈឺបន្តិចនៅទ្រូង។ អារម្មណ៍ថ្មីនេះអាចធ្វើឱ្យអ្នកមានអារម្មណ៍ភ្ញាក់ផ្អើល។ ប្រសិនបើឈឺពេក អ្នកអាចដាក់ម្រាមដៃរបស់អ្នកបន្តិចទៅក្នុងមាត់ទារក ហើយព្យាយាមកែទីតាំងបំបៅឡើងវិញ។ សូមកុំខ្មាស់ក្នុងការសុំជំនួយពីគ្រូពេទ្យ ឬអ្នកជំនាញអំពីរបៀបបំបៅដើម្បីកុំឱ្យឈឺ។
- អង្គុយក្នុងទីតាំងស្ងប់ស្ងាត់ មានខ្យល់អាកាសចេញចូលល្អ និងមិនក្តៅពេក៖ ទារករបស់អ្នកនឹងមានអារម្មណ៍ស្រួលចិត្តនៅកន្លែងស្ងប់ស្ងាត់។ ជំនួសឱ្យការបីទារកយូរពេកអាចនឺងចុកដៃ អ្នកអាចប្រើខ្នើយមួយដើម្បីជួយទ្រទារកបាន។ ទារកគួរតែនៅក្បែរអ្នក ឬផ្អៀងមុខទៅរកទ្រូងអ្នក ហើយក្បាលគួរផ្អៀងបន្តិចទៅក្រោយដើម្បីងាយស្រួលលេបទឹកដោះ។
- ការបំបៅតាមតម្រូវការរបស់ទារក៖ កុំបារម្ភអំពីចំនួនដង ឬរយៈពេលនៃការបំបៅ ជាពិសេសក្នុងថ្ងៃដំបូងៗ។ ទារកនឹងបៅជារឿយៗ ប្រហែល ៨ ទៅ ១២ ដងក្នុងមួយថ្ងៃ។ ពេលវេលាបំបៅនីមួយៗអាចមានរយៈពេលពី ១០ នាទីរហូតដល់ ៤៥ នាទី អាស្រ័យលើទារកនីមួយៗ។ ទារករបស់អ្នកនឹងបៅតាមតម្រូវការរបស់គេ ហើយទ្រូងរបស់អ្នកក៏នឹងផលិតទឹកដោះតាមតម្រូវការនោះដែរ។
- អ្នកអាចប្រើម៉ាស៊ីនបូមទឹកដោះសម្រាប់ពេលអ្នករវល់៖ ទោះជាយ៉ាងណា សូមចងចាំថាទឹកដោះដែលបូមចេញមកអាចរក្សាទុកក្នុងទូទឹកកកបានត្រឹមតែ ៤៨ ម៉ោង នៅសីតុណ្ហភាព ៤°C ប៉ុណ្ណោះ។ ប្រសិនបើអ្នកចង់បង្កកទឺកដោះដោះដើម្បីរក្សាទុកវាឱ្យបានយូរ សូមកុំរំលាយវាមកវិញដោយប្រើម៉ាសុីនកម្តៅ(Microwave) ព្រោះវានឹងបំផ្លាញសារធាតុចិញ្ចឹមចាំបាច់ (antibodies) ដែលមាននៅក្នុងទឹកដោះនោះ។

អាហារូបត្ថម្ភសម្រាប់ម្តាយដែលបំបៅដោះ
អ្នកគួរតែញ៉ាំអាហារដែលមានតុល្យភាព។ តម្រូវការថាមពលរបស់អ្នកនឹងមានច្រើនជាងធម្មតាបន្តិច ប៉ុន្តែតិចជាងពេលដែលមានផ្ទៃពោះ។ អ្នកអាចបន្តញ៉ាំអាហារដែលអ្នកចូលចិត្តដូចធម្មតា។ សំខាន់គឺកុំព្យាយាមសម្រកទម្ងន់ភ្លាមៗបន្ទាប់ពីសម្រាល ព្រោះវាអាចធ្វើឱ្យទារកខ្វះសារធាតុចិញ្ចឹមចាំបាច់។
អ្វីដែលគួរជៀសវាង៖
ស្រា និងបារី រួមទាំងសណ្តែកសៀង និងផលិតផលពីសណ្តែកសៀង ដែលមាន phytoestrogens។ សារធាតុទាំងនេះដើរតួដូចអរម៉ូន ហើយអាចប៉ះពាល់ដល់តុល្យភាពអរម៉ូនក្នុងខ្លួនអ្នក។
អ្វីដែលគួរប្រយ័ត្ន៖
អាហារដែលមានក្លិនខ្លាំងៗ ព្រោះវាអាចផ្លាស់ប្តូររសជាតិទឹកដោះរបស់អ្នកបាន។ ទារកខ្លះអាចមិនចូលចិត្តរសជាតិថ្មី។ ការញ៉ាំអាហារចម្រុះពេលបំបៅដោះ នឹងជួយឱ្យទារករបស់អ្នកស្គាល់រសជាតិផ្សេងៗ ដែលនឹងជួយវាឱ្យងាយស្រួលចាប់ផ្តើមញ៉ាំអាហារផ្សេងៗនៅពេលក្រោយ។
អ្វីដែលគួរញ៉ាំឱ្យបានច្រើន៖
- ផលិតផលពីទឹកដោះ (ទឹកដោះ ទឹកដោះគោជូរ និងឈីស) ដើម្បីធានាថាអ្នកទទួលបានកាល់ស្យូមគ្រប់គ្រាន់។
- សាច់ ត្រី និងស៊ុត សម្រាប់ប្រូតេអ៊ីន និងជាតិដែក ដើម្បីបំពេញជាតិដែកដែលបាត់បង់ពេលសម្រាល។
- ផ្លែឈើ និងបន្លែ ដែលផ្តល់ជាតិសរសៃ វីតាមីន និងរ៉ែដល់រាងកាយអ្នក។
- អាហារធញ្ញជាតិ (ដូចជា អង្ករ ម្ស៉ៅ នឹងមី) សណ្តែក និងដំឡូង ដែលផ្តល់នូវកាបូអ៊ីដ្រាត វីតាមីន ជាតិសរសៃ និងរ៉ែ។
- ជាតិខ្លាញ់៖ សូមផ្តោតលើខ្លាញ់ល្អ ដូចជាប្រេងដំណាំ (ប្រេងអូលីវ) និងប្រេងចេកជាដើម។
- ទឹក៖ សូមផឹកទឹកឱ្យបានច្រើន ព្រោះទឹកដោះមានភាគច្រើនជាទឹក ដូច្នេះអ្នកត្រូវការទឹកបន្ថែមដើម្បីផលិតទឹកដោះ។
សំណួរ-ចម្លើយដែលគេសួរញឹកញាប់
ទារកដឹងពីរបៀបគ្រប់គ្រងចំណង់អាហាររបស់ពួកគេ និងមានអារម្មណ៍ថាខ្លួនមិនចង់បៅបន្តទៀត។ នៅពេលពួកគេឆ្អែតហើយ ទារកនឹងបញ្ឈប់ការបៅដោយខ្លួនឯង។
